News From freshnewsasia: ក្រុមហ៊ុនផ្សព្វផ្សាយអចលនវត្ថុ និងសមាគមអចលនវត្ថុកម្ពុជា ប្រកាសសម្ពោធ កម្មវិធី «ពានរង្វាន់អចលនវត្ថុកម្ពុជា ឆ្នាំ២០១៨» ដើម្បីជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនឈានមុខគេ
លោក Tom O'Sulivan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh ជាអ្នករៀបចំកម្មវិធី ពានរង្វាន់អចលនវត្ថុកម្ពុជា បានថ្លែងថា នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជំរុញដល់វិស័យអចលនវត្ថុកម្ពុជា ដោយផ្ដល់ជូននូវឱកាសដល់ក្រុមហ៊ុនទាំងអស់ នៅក្នុងវិស័យ ដើម្បីឲ្យពួកគេបង្ហាញពីសមិទ្ធិផល ដែលបានធ្វើកន្លងមក។
លោក Tom O'Sulivan បានបញ្ជាក់ថា «យើងមានភាពរីករាយ ក្នុងការប្រកាសធ្វើកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំនេះ នឹងក្លាយជាសករាជថ្មីមួយ និងជាឧត្ដមភាពមួយ សម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល»។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Realestate.com.kh និងសមាគមអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា លក្ខខណ្ឌចូលរួមប្រកួតប្រជែង នៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុ កម្ពុជា គឺផ្ដោតសំខាន់លើ៣កម្រិត រួមមាន៖ ក្រុមហ៊ុនខ្នាតតូច, ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំ ដែលគ្រប់ដណ្ដប់ លើអាជីវកម្មជាច្រើនប្រភេទ នៅក្នុងវិស័យនេះ។
ការបង្កើតឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះ ក្នុងគោលបំណងកំណត់ អំពីស្ដង់ដានៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រង អចលនវត្ថុនៅកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានដកស្រង់សំដីរបស់លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយលោកចាត់ទុកថា កម្មវិធីនេះ គឺជាវេទិកាមួយ ដើម្បី លើកទឹកចិត្ដ និងផ្ដល់រង្វាន់ដល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ដែលធ្វើប្រតិបត្តិការ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្ដិ ដែលមាន ជាធរមាននៅកម្ពុជា។
លោក ម៉ី វ៉ាន់ បានបន្ថែមទៀតថា «ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ត្រូវខិតខំជំរុញអាជីវកម្មរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងឱកាសនេះ គឺមានមោទភាពមួយ ដែលក្រសួង សេដ្ឋកិច្ច ចូលរួមគាំទ្រ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីឲ្យព្រឹត្ដិការណ៍នេះ លេចចេញជារូបរាង ប្រកបដោយភាពជោគជ័យ និងលទ្ធ ផលជាផ្លែផ្កា»។
ការចុះឈ្មោះចូលរួម ការប្រកួតប្រជែង ក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុ គឺមិនតម្រូវឲ្យបង់ប្រាក់ទេ ហើយអ្នកទទួលបានជ័យជំនះ នឹងត្រូវបានកាត់សេចក្ដីដោយ គណៈកម្មការជំនាញ រួមជាមួយការបោះឆ្នោត ជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។
លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល បានលើកឡើងថា «ខ្ញុំមានមោទនភាពណាស់ ដែលបានក្លាយជាប្រធានគណៈកម្មការវិនិច្ឆ័យ ក្នុងកម្មវិធីពានរង្វាន់ អចលនវត្ថុ កម្ពុជា។ យើងនឹងធ្វើការវិនិច្ឆ័យបេក្ខភាពទាំងអស់ និងវិស័យអចលនវត្ថុ ដោយគោរពយ៉ាងមុតមាំតាមគោលការណ៍ ឧត្ដមគតិស្នូលដែលកម្មវិធីនេះបានកំណត់»។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា «គណៈកម្មការ នឹងធ្វើការវិនិច្ឆ័យដោយម៉តចត់ មិនលំអៀង និងផ្ដល់រង្វាន់ដល់ភ្នាក់ងារ ក្រុមហ៊ុនភ្នាក់ងារ និងអ្នកលក់ណា ដែលពិតជាមានគុណសម្បត្តិ សាកសម នឹងទទួលបានពានរង្វាន់នេះ។ ខ្ញុំទន្ទឹងរង់ចាំ ព្រឹត្ដិការណ៍ដ៏ល្អបំផុត មួយនេះក្នុងឆ្នាំនេះ និងឆ្នាំក្រោយៗទៀត»។
សូមបញ្ជាក់ថា ការជ្រើសរើស និងគណៈកម្មការកាត់សេចក្ដី ការចូលរួមប្រកួតប្រជែង ចាប់ផ្ដើមពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុ អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីឈ្នះរង្វាន់ ហើយការដាក់ពាក្យគឺមិនចំណាយប្រាក់នោះទេ។
បើទោះបីយ៉ាងណា បេក្ខជនទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្ម ត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិករបស់សមាគមន៍ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា៕
Source from freshnewsasia