News From ThmeyThmey : Realestate.com.kh សហការរៀបចំពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨

លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh និងជាអ្នករៀបចំកម្មវីធី ពានរង្វាន់អចលនេះវត្ថុកម្ពុជាបានមានប្រសាសន៍ថា ៖ «នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជំរុញដល់វិស័យអចលនវត្ថុកម្ពុជាដោយផ្ដល់ជូននូវឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យនេះដើម្បីឲ្យពួកគេ បង្ហាញពីសមិទ្ធផលដែលបានធ្វើកន្លងមក។យើងរីករាយក្នុងការ ប្រកាសធ្វើកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ ២០១៨ នេះក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំនេះនឹងក្លាយជាសករាជថ្មីមួយ និងជាឧត្តមភាពមួយសម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល»។

លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧហ្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហរញ្ញវត្ថុ មានប្រសាសន៍ថា៖ «កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលរៀបចំឡើងដោយ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ ព្រមជាមួយភ្នាក់ងារអចលនវត្ថុកម្ពុជាគឺជាវេទិកាមួយដើម្បីលើកទឹកចិត្តនិងផ្តល់រង្វាន់ដល់ភ្នាក់ងារអចលនវត្ថុដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និង អនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិដែលជាធរមាននៅកម្ពុជា»។

ជាមួយគ្នានេះផងដែរ លោកបានលើកទឹកចិត្តក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុទាំងអស់ខិតខំជំរុញអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោក ម៉ី វ៉ាន់ បានបញ្ជាក់ថា៖ « ឱកាសនេះ គឺជាមោទនភាពមួយ ដែលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចូលរួមគាំទ្រ Realestate.com.kh និងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាដើម្បីឲ្យព្រឹត្តិការណ៍នេះលេចចេញជារូបរាងប្រកបដោយភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា»។ គួរបញ្ជាក់ផងដែរថា លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាមាន៣កម្រិតរួមមាន ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម ក្រុមហ៊ុនខ្នាតធំ ដែលគ្រប់ដណ្ដប់ទៅអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ក្នុងនោះ ប្រភេទពានរង្វាន់ទាំង៣០ ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានដូចជា៖ ក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុទើបរីកចម្រើនថ្មីប្រចាំឆ្នាំ (ពានរង្វាន់កូនក្លា) ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុប្រចាំតំបន់ ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រចាំឆ្នាំ ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុពាណិជ្ជលកម្មប្រចាំ ពានរង្វាន់បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ ពានរង្វាន់អចលនវត្ថុជ្រើសរើសដោយសាធារណៈជន ពានរង្វាន់ក្រុមហ៊ុនឆ្នើម (ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)។

ចំណែកពានរង្វាន់ភ្នាក់ងារអចលនវត្ថុមានដូចជា៖ ពានរង្វាន់បុគ្គលឆ្នើម ក្នុងវិស័យអចលនវត្ថុ (Hall of Famer) ពានរង្វាន់ភ្នាក់ងារអចលនវត្ថុថ្មី (ភ្នាក់ងារកូនខ្លា) និងពានរង្វាន់ភ្នាក់ងារប្រចាំឆ្នាំដែលបែងចែកជា៦ប្រភេទទៀតដូចជា៖ ពានរង្វាន់ភ្នាក់ងារលក់ប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារជួលប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារវាយតម្លៃប្រចាំឆ្នាំនិងពានរង្វាន់អ្នកគ្រប់គ្រងអចលនវត្ថុប្រចាំឆ្នាំ។ បុគ្គលដែលមានចក្ខុវិស័យខ្ពស់សម្រាប់វិស័យតាមរយៈការផ្តល់សេវាកម្មទូទៅ និងការអភិវឌ្ឍន៍អចលនវត្ថុកម្ពុជាក៏នឹងត្រូវផ្តល់ជាពានរង្វាន់ «បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ» នៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាផងដែរ។

សម្រាប់បេក្ខភាពវគ្គចុងក្រោយ និងអ្នកទទួលបានជ័យលាភីពានរង្វាន់អចលនវត្ថុមានផ្តល់ជូនតែម សម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាសម្រាប់ប្រើក្នុងការធ្វើទីផ្សារនិងការផ្សព្វផ្សាយនានានៅក្នុងឆ្នាំ២០១៨ រួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលក្រុមហ៊ុនរបស់ពួកគាត់៕
Source from thmeythmey