ពានរង្វាន់ទាំង២៦ត្រូវបានប្រគល់ជូនក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារឆ្នើមប្រចាំឆ្នាំ២០១៩

លោកនង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញពការគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារដែលមានភាពលេចធ្លោ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
លោកនង ពិសិដ្ឋបានមានប្រសាសន៍ថា “ការខិតខំបង្កើតឱ្យមានព្រឹត្តិការណ៍ប្រគល់បានរង្វាន់នៅពេលនេះ ជាការចូលរួមវិភាគទាន ដ៏មានតម្លៃយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងពង្រឹង និងពង្រីកសក្ដានុពល គុណភាពលើការសេវាកម្មវាយតម្លៃ ក៏ដូចជាការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា”។
លោកបន្តទៀតថា“ក្នុងនាមជាបញ្ញត្តិករ ខ្ញុំបាទយល់ឃើញថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ២០១៩ ដែលរៀបចំ ឡើងដោយក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh នៅពេលនេះ គឺមានសារសំខាន់នូវការប្រមូលផ្តុំ នូវបណ្តាក្រុមហ៊ុនអចលនទ្រព្យ ដែលប្រកបទៅដោយវិជ្ជាជីវៈនៅកម្ពុជា ឱ្យស្ថិតនៅក្នុងក្រមខ័ណ្ឌមួយ មានភាពងាយស្រួលក្នុងប្រមូលផ្តុំ និងចងក្រងនូវមូលដ្ឋានគ្រឹះ កសាងសមត្ថិភាព វិជ្ជាជីវៈលើកកម្ពស់គុណភាព លើការផ្តល់សេវាកម្មនៅក្នុងវិស័យនេះឱ្យកាន់តែប្រសើរថែមទៀត”។
គ្រប់ក្រុមហ៊ុនដែលបានដាក់ពាក្យស្នើ សុំចូលរួមប្រគួតនៅក្នុងកម្មវិធីនេះ មានជាង ១០០ក្រុមហ៊ុន ដែលសុទ្ធតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របតាមគោលការណ៍របស់ក្រសួងដែលបានដាក់ចេញ ប៉ុន្តែចំពោះក្រុមហ៊ុនមួយចំនួនតូច ដែលមិនមានចុះបញ្ជីគ្រប់គ្រាន់ និងត្រឹមត្រូវត្រូវបានក្រសួងជម្រុះចេញពីបេក្ខភាពប្រកួតប្រជែង។
លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះ ក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ ព្រឹត្តិការណ៍នេះគឺជាលើកទី២ហើយ ក្រោមការដាក់ពាក្យស្នើសុំចូលរួមប្រកួតយ៉ាងសកម្ម ពីសំណាក់បណ្តាក្រុមហ៊ុនដែលកំពុងអាស្រ័យផល និងដំណើរការនៅក្នុងវិស័យអចលនទ្រព្យ។
លោកបានបញ្ជាក់ថា ជាមួយនឹងសមិទ្ធិផលដែលទទួលបាននៅពេលនេះ គឺជាការបង្ហាញឱ្យឃើញពីភាពជោគជ័យនៅក្នុងព្រឹត្តិការណ៍ ហើយនឹងបន្តរៀបចំនៅឆ្នាំបន្ទាប់ទៀត ដើម្បីចូលរួមលើកស្ទួយដល់បណ្តាក្រុមហ៊ុននានា ឱ្យបង្កើនសមត្ថភាព ក្នុងប្រកួតប្រជែង ដែលបង្ហាញពីភាពរីកចម្រើនរបស់ក្រុមហ៊ុន។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KH Land លោក ថន បូរ៉ា ដែលបានចូលរួម និងជាអ្នកគាំទ្រឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍ប្រចាំមួយនេះ បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការរៀបចំឱ្យព្រឹត្តិការណ៍នេះ គឺមានសារសំខាន់បំផុតចំពោះបណ្តាក្រុមហ៊ុនអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារផងដែរ ដែលពួកគាត់អាចបង្ហាញពីភាពរីកចម្រើន ការអភិវឌ្ឍ និងមានភាពលេចធ្លោប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ រហូតបានទទួលពានរង្វាន់ប្រចាំឆ្នាំ”។
លោកបានបន្តទៀតថា “ការប្រគល់ពានរង្វាន់ដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០១៩នេះ វាជាកម្មវិធីដ៏ធំ ដែលមានសារសំខាន់សម្រាប់ក្រុមហ៊ុនទាំងអស់។ ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន KH Land នៅពេលនេះ គឺចង់ចូលរួមជម្រុញវិស័យនេះឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀតតទៅថ្ងៃអនាគត”៕





Source from: https://www.propertyarea.asia