ក្រុមហ៊ុន Real estate.com.kh និងសមាគម CVEA ប្រកាសសម្ពោធកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩
![](https://cambodiarealestateawards.com/storage/postImages/large/y6PmQJHTILyhItA3bfLscFdx0aeqUyHbJlG5BzUo.jpeg)
ភ្នំពេញ ៖ ក្រោមកិច្ចសហការពីសំណាក់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន Real estate.com.kh បានរៀបចំកម្មវិធីប្រកួតប្រជែង និងទទួលពានរង្វាន់អចលនវត្ថុកម្ពុជា ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ។
នេះជាព្រឹត្តិការណ៍លើកទី២ នៅក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងភាពជោគជ័យ នៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។
លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ ៣ កម្រិតរួមមាន៖ “ក្រុមហ៊ុនខ្នាតតូច” “ក្រុមហ៊ុនខ្នាតមធ្យម និង ក្រុមហ៊ុនខ្នាតធំ” ដែលគ្រប់ដណ្តប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។
ការបង្កើតឱ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំមួយនេះ គឺដើម្បីទទួលស្គាល់សមិទ្ធផល និងស្នាដៃរបស់ភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុន និងបុគ្គល (ភ្នាក់ងារអចលនទ្រព្យ) ទាំងអស់ចូលរួមប្រកួតប្រជែងដោយមិនគិតពីទំហំ និងទ្រព្យសកម្មនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ឬភ្នាក់ងារនោះឡើយ ដោយផ្អែកលើកត្តាសំខាន់មួយ គឺកំណើននៃភាពរីកចម្រើននៃវិស័យទាំងមូល ដែលបោះជំហានទៅមុខយ៉ាងលឿនរហ័ស ជាមួយការសាងសង់ គម្រោងថ្មីៗដ៏ខ្លាំងក្លានៅទូទាំងប្រទេស ដែលនេះជាសញ្ញាណវិជ្ជមាន និងសក្តានុពលនៃវិស័យអចលនវត្ថុកម្ពុជាទាំងមូល។
ទន្ទឹមនឹងនេះ ការហូរចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្តរជាតិ ដែលទទួលបានសិទ្ធិផ្តាច់មុខ និងក្រុមហ៊ុនល្បីៗផ្សេងៗក៏បានបង្ហាញពីការផ្លាស់ប្តូរ និងឱកាសជាច្រើននៅក្នុងវិស័យនេះ ដែលបានមកពីការចូលរួមចំណែករបស់ភ្នាក់ងារម្នាក់ៗ និងបណ្តាក្រុមហ៊ុនទាំងអស់តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយក្រមសីលធម៌ ទំនុកចិត្ត និងភាពជោគជ័យ។
លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះ ក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោកបានបន្ថែមទៀតថា “មិនថាអ្នកជាក្រុមហ៊ុនតូច ឬធំ អ្នកមានសិទ្ធិចូលរួមក្នុងការប្រកួតប្រជែងនេះ។ ការចូលរួមប្រកួតនៅក្នុងកម្មវិធីពានរង្វាន់នេះ គឺមិនគិត និងមិនមានការចំណាយអ្វីទាំងអស់ទាក់ទងនឹងការឈ្នះរង្វាន់”។អ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។
Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យមិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។
កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបានយកគម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាព មិនលំអៀង និងយុត្តិធម៌។ ដំណើរការនៃការកាត់សេចក្ដីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុមហ៊ុនគណនេយ្យ និងសវនកម្ម “Cambodian Investment Management”ដើម្បីធានាថាបាននូវសុក្រិតភាព។
នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយការបោះឆ្នោតជាសាធារណៈបានធ្វើរួចរាល់ បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យ នឹងត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ និងពិធីលាងសាយភោជន៍ពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់។
បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុននីមួយៗ។
លោក Tom O’Sullivan មានប្រសាសន៏ថា “នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យអចលនវត្ថុកម្ពុជាដោយផ្តល់ជូននូវឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យដើម្បីឱ្យពួកគេបង្ហាញពីសមិទ្ធផលដែលបានធ្វើកន្លងមក។
ក្រោមការសហការជាមួយសមាគម CVEA និងការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំ២០១៩ នឹងបង្កើតឧត្តមភាព និងភាពជឿជាក់បន្ថែមទៀតសម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។
អគ្គលេខាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សួស ចិន្តា បានមានប្រសាសន៍ថា ពានរង្វាន់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលប្រកបរបរទទួលទានក្នុងវិស័យអចលនទ្រព្យ។
លោកថា “យើងចង់បង្កើតការទទួលស្គាល់ ដើម្បីផ្តល់តម្លៃ និងផ្តល់ការលើកទឹកចិត្តដល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារដែលបានបម្រើការនៅក្នុងវិស័យនេះ ប្រកបដោយទំនុកចិត្ត និងតម្លាភាព ហើយពានរង្វាន់នេះគឺធានាបាននូវភាពយុត្តិធម៌ ជាមួយនឹងការវិនិច្ឆ័យ ដែលធ្វើឡើងដោយគណៈកម្មការឯករាជ្យ”។
ប្រភេទពានរង្វាន់ជាង ២០ ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។
ពានរង្វាន់ទាំងនេះមានដូចជា៖
ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឆ្នើមប្រចាំឆ្នាំ
ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឆ្នើមប្រចាំតំបន់
ពានរង្វាន់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រចាំឆ្នាំ
ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ
ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនវត្ថុប្រចាំឆ្នាំ
ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចនលវត្ថុរីកចម្រើនថ្មីប្រចាំឆ្នាំ
ពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំ
ពានរង្វាន់ជម្រើសក្រុមហ៊ុនភ្នាក់ងារល្អឆ្នើម
ពានរង្វាន់ភ្នាក់ងារឆ្នើមប្រចាំឆ្នាំ
ពានរង្វាន់ភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារជួលឆ្នើមប្រចាំឆ្នាំ
ពានរង្វាន់អ្នកវាយតម្លៃអចលនវត្ថុឆ្នើមប្រចាំឆ្នាំ
ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុរីកចម្រើនថ្មីប្រចាំឆ្នាំ
ពានរង្វាន់ភ្នាក់ងារឆ្នើម
ពានរង្វាន់បុគ្គលឆ្នើមវិស័យអចលនវត្ថុ (Hall of Fame) ឆ្នាំ២០១៩
ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្តរជាតិប្រចាំឆ្នាំក្រៅពីនេះមានពានរង្វាន់មួយចំនួនទៀត ដែលនឹងត្រូវដាក់បញ្ចូល។ការចុះឈ្មោះចូលរួមមានកាលបរិច្ឆេទផុតកំណត់នៅត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ ។
ការចុះឈ្មោះចូលរួមត្រូវកំណត់ជាតំណាក់កាលងាយៗចំនួន៣យ៉ាង៖ ១) ជ្រើសរើសប្រភេទរង្វាន់ដែលអ្នកចង់ចូលរួម២) ថតវីដេអូរយៈពេល ២ នាទីទាក់ទងនឹងការចូលរួមប្រកួតប្រជែងរបស់អ្នក ៣) បញ្ជូនវីដេអូរបស់អ្នកទៅក្រុមការងាររបស់ Realestate.com.kh តាមរយៈ info@cambodiarealestateawards.com សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ៖ cambodiarealestateawards.com
From: https://www.propertyarea.asia